ជារឿងដ៏កម្រមួយផងដែរ ខណៈដែលខាងប្រុសជួលផ្ទះខាងស្រី ជួលយូរៗលួចស្រឡាញ់កូនអ៊ីម្ចាស់ផ្ទះ រហូតឈានដល់ការភ្ជាប់ពាក្យជាមួយគ្នា បង្កឲ្យមានការចាប់អារម្មណ៍ពីអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួននោះ។
គូស្នេហ៍ខាងលើនេះ កូនប្រុសមានឈ្មោះហ៊ិន សុផាន់ឌី, កូនស្រីឈ្មោះហេង ចាន់ថន បានភ្ជាប់ពាក្យជាមួយគ្នា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោយពីស្រឡាញ់គ្នាអស់រយៈពេល៩ឆ្នាំ ប្ដូរឈ្មោះពីសង្សារ ក្លាយជាគូដណ្ដឹងនោះ។
យោងតាមគណនីហ្វេសប៊ុកឈ្មោះ «Keo Darling» បានបង្ហោះរូបថតក្នុងពិធីភ្ជាប់ពាក្យជាច្រើនសន្លឹក អមដោយសារដូច្នេះថា «ស្នេហាផ្តើមចេញពីជួលផ្ទះខាងស្រី….( ជួលយូរៗទៅ…លួចស្រលាញ់កូនអ៊ីម្ចាស់ផ្ទះ…អស់9ឆ្នាំលេង….?) កាលស្រឡាញ់គ្នាបែបចាស់ទុំដឹងឮទើបមានសុភមង្គលពេញលេញ អគុណបងដែលព្រមទទួលយកអត្តចរិតអូនបាន
ទោះបីជាពេលខ្លះ អូនខឹង អូនសម្តីអាក្រក់ប៉ុណ្ណាក៏បងមិនប្រកាន់អូនអគុណ ដែលបងផ្តល់ក្តីស្រឡាញ់ពិត មានតែការស្មោះត្រង់ ភាពច្បាស់លាស់ និង ស្នាមញញឹម សន្យាថាតទៅមុខ យើងនឹងចាប់ដៃគ្នាតាំងពីបាតដៃទទេ តស៊ូជាមួយគ្នា ស្មោះត្រង់ជាមួយគ្នាទៅវិញទៅមក ហើយក៏អគុណដល់ម៉ាក់ប៉ាទាំងសងខាង ដែលមិនជំទាស់នឹងពួកកូនទាំងពីរអ្នកស្រឡាញ់គ្នា…..?១៤.០២.២០២១ Mšš Candy Keo Darling»។
ដោយឡែកបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ « Mšš Candy» (កូនស្រី) នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបង្ហោះរូបថតភ្ជាប់ពាក្យមួយសន្លឹក អមដោយសារបញ្ជាក់យ៉ាងខ្លីជាភាសាខ្មែរ និងភាសាបរទេសថា «9ឆ្នាំប្តូរឈ្មោះពីសង្សារក្លាយជាគូដណ្តឹងThank for your everything my fiancé»។
ដោយឡែក កូនប្រុស ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ «Sophandy Hin» បានបង្ហោះរូបថតពិធីភ្ជាប់ពាក្យខ្លួនជាច្រើនសន្លឹក អមដោយសារថ្លែងអំណរគុណថា «ខ្ញុំទាំងពីរនាក់ សូមថ្លែងអំណរគុណទៅដល់ពុកម៉ែទាំងសងខាង ដែលបានរៀបចំកម្មពិធីនេះ ដល់កូនទាំងពីរ និងអរគុណដល់លោកតាលោកយាយ អ៊ំប្រុសស្រី ពូមីងបងប្អូនប្រុសស្រី និងមិត្តភក្កទាំងអស់ ដែលបានចូលរួមកម្មពិធីភ្ជាប់ពាក្យនេះ ហើយក៏សូមជូនពរអោយអ្នកទាំងអស់គ្នារកស៉ីទទួលទានមានបាន មានសុខភាពល្អ មានអាយុវែង និងសម្រេចបាននូវគ្រប់កិច្ចការ»។
តាមរយៈនេះ អ្នកលេងបណ្ដាញសង្គមមួយចំនួន មានការចាប់អារម្មណ៍ជាខ្លាំង ក៏បញ្ចេញយោបល់ថា «មានផ្ទះណាជួលទៀតអត់ បើមានកូនក្រមុំទៀត រឹតតែចង់ជួលនៅ, ទីបំផុតអ្នកទាំងពីរដល់ថ្ងៃពិសេសហើយ, Oho my teacher, ចាំមើលព័ត៌មានផ្សាយ, ជូនពរស្រលាញ់គ្នាដល់ចាស់កោងខ្នង Hin sophandy»៕