ពិតណាស់ ប្រឡូកក្នុងវិស័យសិល្បៈចម្រៀងនេះ យូរមកហើយ តែតារាចម្រៀងស្រី រ័ត្ន រចនា ទើបនឹងមកផ្ទុះខ្លាំង កក្រើកពេញបណ្តាញសង្គម ក្រោយច្រៀងបទ “មេម៉ាយសប្បាយចិត្ត” ដែលជាបទ ជំនាន់ដើម ។
បើទោះជាឪពុកបានចែកឋានលាចាកទៅលោកខាងមុខអស់រយៈពេលជាង២ខែហើយក្ដី ប៉ុន្តែតារាចម្រៀង រ័ត្ន រចនា ហៅមេម៉ាយសប្បាយចិត្តនៅតែមិនទាន់ធ្វើចិត្តបាន ខណៈជារឿយៗនាងតែងតែបង្ហាញអារម្មណ៍នឹកនាដល់ឪពុករបស់នាង ។
ជាក់ស្ដែងថ្មីៗនេះ រ័ត្ន រចនា បានបង្ហោះរូបមួយសន្លឹកជាមួយឪពុកភ្ជាប់ដោយសំណេរខ្លឹមសារយ៉ាងស្រងេះស្រងោច ។ នាងថា រាល់ថ្ងៃជីវិតរបស់នាងមានតែស្នាមញញឹមក្លែងក្លាយ និងសោកស្ដាយខ្លាំងដែលកន្លងមកនាងពុំសូវមានពេលសម្រាប់ឪពុក ។
តារាស្រីល្បីបទ «មេម៉ាយសប្បាយចិត្ត» រូបនេះបាននិយាយថា៖ «ជីវិតខ្ញុំពេលលែងមានរូបអ្នក ជីវិតខ្ញុំមានតែស្នាមញញឹមក្លែងក្លាយ ខ្ញុំនឹកអ្នកតែមិនដឹងទៅរកអ្នកនៅទីណា ពេលនៅមានអ្នកខ្ញុំមិនដែលមានពេលវេលាសំរាប់អ្នក ខ្ញុំស្តាយក្រោយ ខ្ញុំចង់ឱ្យអ្នកត្រឡប់មកវិញ ខ្ញុំចង់ឱបអ្នក» ។
តាមរយៈសំណេរខាងលើនេះ រ័ត្ន រចនា បានធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនស្ទើរទប់ទឹកភ្នែកពុំបាន ខណៈរឿងរ៉ាវជីវិតរបស់នាងហាក់កំពុងបង្រៀនទៅកាន់មនុស្សម្នាក្នុងសង្គម ។
គួរបញ្ជាក់ថា រ័ត្ន រចនា ហៅមេម៉ាយសប្បាយចិត្ត បានបាត់បង់ឪពុកជាទីគោរពស្រលាញ់កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ កន្លងទៅ ។ គ្រានោះ រចនា មិនបានបញ្ជាក់ពីមូលហេតុនៃការស្លាប់របស់ឪពុកឡើយ ប៉ុន្តែបើតាមអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកម្នាក់បាន Comment ថា «គាត់វះកាត់មិនជោគជ័យឬយ៉ាងមេចអូនទើបបែបនេះសូមចូលរួមរំលែកទុក្ខដ៏មហាក្រៀមក្រំនេះផងអូន» ។
តាមរយ:សំណេរនេះត្រូវបានគេសនិដ្ឋានថា ទំនងឪពុករបស់ រ័ត្ន រចនា មានជំងឺធ្ងន់ធ្ងរដែលតម្រូវឱ្យមានការវះកាត់តែមិនអាចជួយសង្គ្រោះជីវិតបាន ។ បើទោះជាយ៉ាងណា ដំណឹងដ៏ក្រៀមក្រំនោះបានធ្វើមិត្តអ្នកសិល្បៈ និងហ្វេនអ្នកគាំទ្រមានការភ្ញាក់ផ្អើល និងបានផ្ញើសារចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារតារាស្រីរូបនេះ និងបួងសួងឱ្យវិញ្ញាក្ខន្ធលោកឪពុករបស់អ្នកនាងបានទៅកាន់សុខគតិភពផងដែរ ៕