នៅថ្ងៃទី១១ ខែឩសភា ឆ្នាំ ២០២២នេះក្រសួងបរិស្ថានបានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេបុករបស់ខ្លួនដោយអំពាវនាវឱ្យនារីៗមួយចំនួន
ដែលបានទៅលេងភ្នំបូកគោ ហើយបានបេះផ្កាបំពង់ក្រឡោម ដែលជាប្រភេទផ្កាត្រូវបានក្រសួងដាក់ជារុក្ខជាតិព្រៃកំពុងរងគ្រោះ និងមិនអនុញ្ញាតឱ្យជួញដូរនោះឡើយ កុំបេះរុក្ខជាតិនេះតទៅទៀត។
ក្នុងនោះក្រសួងបរិស្ថានបានបង្ហោះសារដែលមានខ្លឹមសារថា ឱ! ផ្កាបំពង់ក្រឡោម អ្វីដែលពួកគាត់កំពុងធ្វើនេះ គឺខុសហើយ
និងសូមកុំប្រព្រឹត្តដូច្នេះទៀតនៅថ្ងៃក្រោយ! សូមអរគុណចំពោះការស្រឡាញ់ធនធានធម្មជាតិ ប៉ុន្តែកុំបេះដូច្នេះ វាទៅជាបំផ្លាញវិញទេ!។
គួរបញ្ជាក់ដែរថាយោងតាមការសិក្សារបស់អ្នកជំនាញនៃក្រសួងបរិស្ថានបានឱ្យដឹងថា ផ្កាបំពង់ក្រឡោម ឬបំពង់ស្រមោច ឬអ្នកខ្លះហៅថា
ផ្កាបំពង់លុក ឬ ផ្កាក្រឡូមពារ ភាសាបច្ចេកទេស Pitcher plants (Nepenthes) គឺជាពួករុក្ខជាតិស៊ីសាច់ ដែលគេបានដឹងតិចតួចណាស់នៅកម្ពុជា។
គេហៅវាថាជារុក្ខជាតិស៊ីសាច់ព្រោះវាអាចចាប់ ស`ម្លា`ប់ និងរំលាយសត្វដែលចូលទៅក្នុងទម្រង់ស្លឹកពិសេសរបស់វា។
ផ្កាបំពង់ក្រឡោមនេះមានដល់ទៅ ១២៩ ប្រភេទក្នុងនោះមានប្រាំប្រភេទបាននិងកំពុងដុះលូតលាស់នៅប្រទេសកម្ពុជា។
រាល់រុក្ខជាតិបំពង់ក្រឡោមទាំងអស់នេះ ត្រូវបានដាក់ក្នុងឧបសម្ព័ន្ធទី២ (Appendix II) នៃអនុសញ្ញាស្តីពីពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វ
និងរុក្ខជាតិព្រៃដែលកំពុងរងគ្រោះ (CITES) ដោយមិនអនុញ្ញាតឱ្យមានការជួញដូរ នោះឡើយដើម្បីការពារថែរក្សាពូជឱ្យបាននៅគង់វង្សនិងចូលរួមថែរក្សាសោភណភាពរមណីយដ្ឋានទេសចរណ៍
ធម្មជាតិឱ្យនៅស្រស់ស្អាត ទាក់ទាញភ្ញៀវទេសចរ ដទៃទៀតឱ្យមកទស្សនាតំបន់រមណីយដ្ឋានធម្មជាតិឱ្យបានច្រើន បង្កើតការងារជូនសហគមន៍ និងផ្តល់ប្រាក់ចំណូលជូនប្រជាពលរដ្ឋ។