ច្រើនឆ្នាំណាស់មកហើយ ដែលកញ្ញា ហុិន ចាន់នីរ័ត្ន បានបោះជំហានចូលក្នុងវិស័យសិល្បៈ ដែលកញ្ញាជាពិធីការនីដ៏ឆ្នើម ហើយបានសម្តែងខ្សែភាពយន្ត និង វីដេអូចម្រៀងនានា។
មួយរយៈចុងក្រោយនេះ ពិធីការិនី ហ៊ិន ចាន់នីរ័ត្ន និង តារាសម្ដែងប្រុស សេង មង្គល គេសង្កេតឃើញថា កាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រយុវវ័យ
ជាមួយនឹងការបង្ហាញភាពផ្អែមល្ហែមល្អូកល្អិននឹងគ្នា ឡាយវីដេអូនិយាយសាសងគ្នាតាមបណ្ដាញសង្គម ដែលធ្វើឱ្យមហាជនអ្នកគាំទ្ររំភើបចិត្តអៀនជំនួស ថែមទាំងបន់ឱ្យអ្នកទាំងពីរក្លាយជាគូស្នេហ៍នឹងគ្នាពិតៗផងដែរ។
ជាក់ស្ដែងថ្មីៗនេះ កាន់តែផ្ទុះការចាប់អារម្មណ៍ថែមទៀតចំពោះវីដេអូខ្លីៗក្នុង TikTok ដែលអ្នកគាំទ្ររបស់តារាប្រុសស្រីមួយគូនេះ
បានធ្វើការកាត់តវីដេអូឡាយលើហ្វេសប៊ុករបស់អ្នកទាំងពីរ ដែលទើបតែឡាយជាមួយគ្នាម្ដងទៀត តាម Video Call ពីផ្ទះរៀងខ្លួន
ព្រមទាំងបញ្ចេញពាក្យសម្តីមួយចំនួនដែលកំពុងតែធ្វើឱ្យអ្នកគាំទ្រ កាន់តែសង្ស័យពីទំនាក់ទំនងរបស់អ្នកទាំងពីរខ្លាំងឡើង។
ក្នុងវីដេអូខ្លីមួយនេះ កញ្ញា ហ៊ិន ចាន់នីរ័ត្ន ស្រាប់តែបានធ្លោយមាត់សុទ្ធតែពាក្យស្រឡាញ់ទៅកាន់ លោក សេង មង្គល
ក្នុងពេលឡាយនិយាយរឿងផលិតផលថែសម្រស់របស់ខ្លួន ដែលនាងបានឱ្យ លោក សេង មង្គល
យកទៅប្រើ ខណៈនោះ អ្នកគាំទ្រក៏បានសួរទៅកាន់ តារាស្រីរូបនេះថា «ឱ្យហើយយកលុយអត់បង?»
ស្រាប់តែ កញ្ញា ហ៊ិន ចាន់នីរ័ត្ន ឆ្លើយថា៖ «ឱ្យ Free ព្រោះ ជាមនុស្សដែលបងស្រឡាញ់»។