នាយក្រូច ដែលជាតារាកំប្លែងដ៏ល្បី ប្រចាំប្រទេសកម្ពុជាកាន់តែមានកេរ្តិ៍ឈ្មោះល្បីល្បាញជាលំដាប់ ត្រូវចិត្តមហាជនគ្រប់ស្រទាប់តែម្ដង។
មិនត្រឹមតែប៉ុណ្ណោះ មួយរយៈចុងក្រោយនេះ នាយក្រូចក៏ត្រូវបានហ្វេនៗចាំតាមដានពី ជីវភាពក្រៅឆាកផ្ទាល់ខ្លួនមិនចេះដាច់ នៅពេលដែលលោក មានឆានែលយូធូបផ្ទាល់ខ្លួន និងបង្ហោះវីដេអូប្លែកៗ បង្ហាញពីជីវិតឯកជនទៀតផង។
មុននឹងក្លាយជាតារាកំប្លែងដ៏ល្បីដូចសព្វថ្ងៃនេះ បើក្រឡេកទៅមើលជីវិតអតីតកាលរបស់នាយក្រូច កាលពីជាង១០ឆ្នាំមុនវិញ ឃើញថា ដុនដាបខ្លាំងណាស់ រកអង្ករច្រកឆ្នាំសឹងពុំបានផង។ បើនិយាយពីផ្ទះវិញ គឺដំបូលប្រក់មេឃ ពេលភ្លៀងម្តងៗ សុំផ្ទះគេជ្រកទៀតផង។
នាយ ក្រូច មានឈ្មោះពិតថា សេន សុប៊ុន កើតនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ១៩៧៩ នៅភូមិត្រាចកុះ ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ នាយក្រូច ជាកូនទី២ក្នុងចំណោមបងប្អូន៣នាក់(ស្រី២ប្រុស១)ដែលមានឪពុកឈ្មោះ ញ៉ែម ប៊ឿន អាយុ៥៨ឆ្នាំ ជាគ្រូខ្មែរព្យាបាលជំងឺជាច្រើនមុខ និង ម្តាយឈ្មោះ ឃឹម យ៉ាន អាយុ៦២ឆ្នាំអតីតតួល្ខោនសព្វថ្ងៃជាស្ត្រីមេផ្ទះ។ រីឯប្អូនស្រីពៅរបស់នាយ គឺនាង អ៊ីត ជាតារាកំប្លែងរួមក្រុមសព្វថ្ងៃដែលមានឈ្មោះពិតថា សេន ចិន្តា។
នៅក្នុងអំឡុងពេលធ្វើការនៅរោងចក្រ នាយក្រូចបានរៀបការជាមួយនឹងនារីរួមស្រុកឈ្មោះ ប្រាក់ សុវណ្ណ តាមការចាត់ចែងរបស់ចាស់ទុំ ដែលនៅពេលនេះនាយមានកូនពីរនាក់(ស្រី១ប្រុស១)។ រីឯនាង អ៊ីត វិញក៏មានគ្រួសាររួចហើយដែរ។
នាយ ធ្លាប់រៀបរាប់ពីប្រវត្តិដ៏កម្សត់របស់ខ្លួន ពេលមកភ្នំពេញដំបូងថា ៖ «មកភ្នំពេញដំបូង ចង់ធ្វើរោងចក្រ តែគេសុំ១៥០ដុល្លារមុន អត់ប្រាក់ទេ ម្តាយក៏លក់គោឲ្យទម្រាំបាន លុះឲ្យប្រាក់គេសង្ឃឹមបានធ្វើការ តែចាំយូរទៅៗ ទើបដឹងថាគេបោក ពេលនោះ ខ្ញុំចាប់ផ្តើមវេទនាមែនទែន ផ្ទះក៏អត់នៅ ទៅស្រុកក៏អត់ហ៊ានទៅព្រោះខ្មាសគេ ខ្ញុំក៏ត្រាច់ចរពេញភ្នំពេញហ្នឹងតែម្តង ចុងក្រោយខ្ញុំទៅដេកនៅសំយាបសាលាឥន្ទ្រទេវី ខ្ញុំសល់តែ២០០០រៀលប៉ុណ្ណោះ ទិញនំបុ័ងហូបសន្សំសំចៃបន្តិចម្តងៗ ផឹកទឹកទុយោ អស់រយៈពេល១សប្តាហ៍។ ពេលនោះខ្ញុំមិនមែនជាមនុស្សទេ ដូចខ្មោចអ៊ីចឹង មូសខាំពេក សូម្បីតែធ្វើសំណង់ក៏គេលែងយកដែរ»។
នាយ ក្រូច បន្តថា ៖ «សំណាងដែរ នៅពេលស្ទើរតែដាច់ពោះទៅហើយ ក៏បានជួបនឹងអ្នកស្គាល់គ្នាគេនាំឲ្យចូលធ្វើការរោងចក្រក៏បានប្រាក់ខែខ្លះ តែធ្វើមិនបានប៉ុន្មានផង ខ្ញុំក៏សម្រេចចិត្តឈប់វិញ ព្រោះប្រាក់ខែ៤០ដុល្លារពេលនោះចាយអត់គ្រប់ ហើយម្តាយខ្ញុំបានឲ្យខ្ញុំត្រឡប់ទៅស្រុកកំណើតវិញ ដើម្បីហាត់រៀនកំប្លែង ហើយខ្ញុំ និងអាអ៊ីត ក៏ទៅហាត់បន្តនៅខេត្តកំពង់ស្ពឺ ពេលនោះរៀនផង រត់ម៉ូតូឌុប រត់រ៉ឺម៉ក និងលក់ធ្យូងផង។ តែឆ្លៀតពេលខ្ញុំតែងឈប់មើលលោកគ្រូកុយ គ្រូសានម៉ៅ ច្រៀងកំប្លែងកាត់សក់នៅតាមរោងការ ខ្ញុំមានកូនសៀវភៅមួយសម្រាប់កត់ត្រាថា អ្នកណាលេងស្ទីលអីៗ ហើយយកមកបំបែកខ្លួនឯង»។
ដោយក្តីព្យាយាម នាយ ក្រូច ក៏មានឱកាសបានបញ្ចេញសមត្ថភាពយូរៗម្តងនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៣ជាមួយនាយ តឹង និងនាយ តាក់ស៊ី ហើយក្រោយមកនាយតាក់ស៊ីក៏បានបបួលទៅប្រឡងនៅស៊ីធីអិន តែជំហានដំបូងនាយក្រូចបានបដិសេធ ព្រោះនាយតែងវង្វេងផ្លូវនៅភ្នំពេញ និងខ្លាចការប្រឡងមានការប្រើលុយកាក់ជាសំណូក។ ទីបំផុតក្រោយប្រឡងនាយ ក្រូច ក៏បានក្លាយជាតារាកំប្លែងប្រចាំទូរទស្សន៍ស៊ីធីអិន ព្រមគ្នាជាមួយនឹងប្អូនស្រីរបស់ខ្លួនគឺនាង អ៊ីត និងក្មួយប្រុស គឺនាយ ចឺម។
ទោះយ៉ាងណា នេះគ្រាន់តែជីវិតពីអតីតកាលប៉ុណ្ណោះ ខណៈបច្ចុប្បន្នវិញ នាយក្រូច មានជីវភាពធូរធារខ្លាំងណាស់ ហើយថ្មីៗនេះ ថែមទាំងបានបង្ហាញរូបភាពផ្ទះថ្មីរបស់លោក ដែល សាងសង់ជិតរូចរាល់ទៅហើយ ឃើញថាពិតជាស្រស់ស្អាត និងស្កឹមស្កៃគួរឱ្យចង់រស់នៅ។
អ្វីដែលកត់សម្គាល់ដោយសារមិនទាន់រួចរាល់ដូច្នេះតារាកំប្លែងរូបនេះ មិនទាន់ដឹងថាចំណាយអស់ប្រាក់ប៉ុន្មានប្រាកដឡើយ ខណៈកន្លងមកលោកត្រៀមប្រមាណជា៧ ម៉ឺនដុល្លារ តែពេលនេះក្បែរ ១០ម៉ឺនដុល្លារទៅហើយក្តី ។
ផ្ទះវីឡានេះ ត្រូវបានសាងសង់យ៉ាងស្រស់ស្អាត នៅស្រុកកំណើត ដែលស្ថិតនៅស្រុកគងពិសីខេត្តកំពង់ស្ពឺនៅក្នុងទំហំដីជាច្រើន ហិចតាទៀតផង។ មិនមែនត្រឹមតែសាងសង់ផ្ទះប៉ុណ្ណោះទេ នាយក្រូច ក៏មានគម្រោងដាំជាដំណាំជាច្រើនមុខរួមនឹងការសាងសង់ជាកន្លែងលំហែរ ថែមទៀតផង។
ក្រោយសាងសង់រូចរាល់ នាយក្រូច ក៏មានបំណងនឹងរៀបចំពិធីឡើងគេហដ្ឋានឱ្យអធិកអធម ហើយបើតាមគម្រោងអាចនឹងរៀបចំនៅក្នុង ខែកក្កដាខាងមុខនេះ។ ក្រៅពីចំណាយប្រាក់ជាច្រើនសែនដុល្លារដើម្បីសង់ផ្ទះនៅស្រុកកំណើត នាយក្រូច ក៏មានបំណងទិញផ្ទះនៅភ្នំពេញបន្ថែម ទៀត។ ក្រៅពីតារាកំប្លែង នាយក្រូច ក៏មានមុខក្រុមតន្ត្រីផ្ទាល់ខ្លួនសម្រាប់ជួលនៅក្នុងពិធីផ្សេងៗ៕