ភ្នំពេញ៖ ច្រើនឆ្នាំហើយដែលអតីតតារាសម្តែងរូបស្រស់ សូ លីហ្សា បានបញ្ចប់អាជីពសិល្បៈហើយពេលនេះ
នាងកំពុងរស់នៅយ៉ាងមានក្តីសុខនឹងទើបសម្រាលកូនទីពីរកាលពីពេលថ្មីៗនេះ ។ជាការពិតណាស់
អតីតតារាសម្តែងរូបរាងខ្ពស់ស្រឡះ សូ លីហ្សា នៅក្នុងពេលនេះកំពុងរស់នៅយ៉ាងមានសុភមង្គលជាមួយក្រុមគ្រួសារដ៏តូចរបស់នាង
ក្រោមការថ្នាក់ថ្នមមើលថែពីសំណាក់ស្វាមី ដែលត្រូវបានគេដឹងថាមានការងារជាមន្ត្រីរាជការមួយរូប ។
ក្រោយបាត់មុខពីវិថីសិល្បៈជាច្រើនឆ្នាំនោះ គេសង្កេតឃើញថា អតីតតារាសម្ដែងរូបនេះ បានប្រែរូបរាងខ្លាំងណាស់
ដោយកន្លងមកធ្លាប់តែមានរូបរាងតូចស្រឡូនស្អាត ប្រែប្រួលបែកសាច់ ទៅជាទ្រលុកទ្រលន់ជាងមុន សូម្បីរូបនាង ក៏ធ្លាប់មាត់នឹងខ្លួនឯងដែរ។
បើនិយាយពីជីវភាពវិញ អតីតតារាសម្ដែងរូបនេះ ពិតជាឆ្អឹងអណ្ដែតខ្លាំងណាស់ ដោយកំពុងរស់នៅយ៉ាងមានក្តីសុខ
ក្នុងជីវិតហាយសូ ជាមួយស្វាមី និងកូនៗជាទីស្រឡាញ់២នាក់របស់នាង។ ទោះយ៉ាងណា នាងក៏មានមុខរបរផ្ទាល់ខ្លួនផងដែរ ក្រៅពីបំពេញតួនាទីជាភរិយាដ៏ល្អនោះ។
ជាក់ស្ដែង ថ្មីៗនេះអតីតតារាសម្តែងរូបនេះ ទើបទទួលបានកាដូពីស្វាមីនូវរថយន្តទំនើបថ្មីសន្លាងម៉ាកឡង់គ្រីស៊័រពណ៌ខ្មៅស្រិល
ដែលមានតម្លៃប្រមាណជា ៣០ ម៉ឺនដុល្លារ។ មិនមានអ្វីចម្លែកទេព្រោះជារឿយៗ សូ លីហ្សា ទទួលបានវត្ថុអនុស្សាវរីយ៍ជាហូរហែពីសំណាក់ស្វាមី ដែលមានដូចជាផ្ទះលំហែ និង គ្រឿងអលង្ការពេជ្រ ជាដើមនោះ។
ជាមួយកាដូដ៏មានតម្លៃនេះ សូ លីហ្សា បាននិយាយទាំងរំភើបថា« ស្វាគមន៍ ប្រុសម៉ៅបងល្អពេកហើយ អរគុណប្ដីសម្លាញ់ ដែរតែងតែបំពេញក្ដីស្រមៃអូន»។
ភាពហ៊ឺហារបស់ សូ លីហ្សា ក៏ទទួលបានការលាន់មាត់សរសរសើរពីសំណាងរបស់នាងដែលមានស្វាមីជាបុរសល្អហើយថែមទាំងជាអ្នកមានទ្រព្យធនថែមទៀត៕